កាលបរិច្ឆេទ: ០៤ វិច្ឆិកា ២០២១ / សុខភាព
ថ្ងៃទី៩ វិច្ឆិកា កម្ពុជានឹងប្រារព្វទិវាបុណ្យឯករាជ្យជាតិដែលកម្ពុជាទទួលបាននៅឆ្នាំ១៩៥៣។ ១៩៩៦គឺជាឆ្នាំដែលសហគ្រាសផលិតឱសថប៉េប៉េអឹមកកើតឡើង។ ប្រាំឆ្នាំក្រោយមក លោកឱសថបណ្ឌិតហៃ លីអ៊ាង ស្ថាបនិកសហគ្រាសផលិតឱសថប៉េប៉េអឹម បានបង្កើតក្រុមហ៊ុនខនហ្វីរេល ដែលជាក្រុមហ៊ុន
ផលិតកសិ-ផលសរីរាង្គដំបូងគេបង្អស់នៅកម្ពុជា។ ការបង្កើតសហគ្រាសផលិតឱសថប៉េប៉េអឹមដែលរហូតមកដល់ពេលនេះមានអាយុកាល២៥ឆ្នាំហើយនោះ គឺជានិមិត្តរូបនៃការរស់ឡើងវិញនៃឧស្សាហកម្មឱសថជាតិ ដែលត្រូវបានបំផ្លិចបំផ្លាញខ្ទេចគ្មានសល់ក្រោយសង្រ្គាមស៊ីវិល និងរបបប៉ុលពត។
មុននឹងមានវត្តមានសហគ្រាសផលិតឱសថប៉េប៉េអឹមនៅលើទីផ្សារកម្ពុជា គេឃើញមានតែថ្នាំនាំចូលប៉ុណ្ណោះ ដែលជាញឹកញាប់មានតម្លៃខ្ពស់កប់ពពកសម្រាប់ប្រជាពលរដ្ឋខ្មែរភាគច្រើន ឬបើមិនអ៊ីចឹងទេគឺមានតែថ្នាំក្លែងក្លាយដែលបង្កគ្រោះថ្នាក់ដល់សុខភាពសាធារណៈ។ ដូច្នេះកម្ពុជាត្រូវតែស្វែងរកឯករាជ្យភាពផ្នែកសុខភាពសាធារណៈ ដើម្បីធ្វើយ៉ាងណាឲ្យថ្នាំដែលផលិតដោយគោរពតាមស្តង់ដារអន្តរជាតិមានតម្លៃសមរម្យអាចទទួលយកបាន។ សហគ្រាសផលិតឱសប៉េប៉េអឹមបានឆ្លើយតបទៅនឹងតម្រូវការនេះ។ ចំណែកឯក្រុមហ៊ុនខនហ្វីរេលក៏ត្រូវបានបង្កើតឡើងក្នុងចក្ខុវិស័យដូចគ្នានេះដែរសម្រាប់វិស័យកសិ-ចំណីអាហារ។
ក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិឆ្នាំនេះ បណ្តាញសារព័ត៌មានជាច្រើនបានជួបសម្ភាសន៍ជាមួយលោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង ដោយផ្តោតការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើគោលការណ៍នៃការផ្សារភ្ជាប់ក្រុមហ៊ុនសហគ្រាសរបស់លោក ទៅនឹងឯករាជ្យភាពរបស់ប្រទេសកម្ពុជា។ ខាងក្រោមនេះគឺជាបទសម្ភាសន៍របស់ទូរទស្សន៍បាយ័នជាមួយលោកឧកញ៉ា។
លោកឧកញ៉ាបានបង្កើតសហគ្រាសផលិតឱសថប៉េប៉េអឹមនៅឆ្នាំ១៩៩៦ និងក្រុមហ៊ុនខនហ្វីរេលនៅឆ្នាំ២០០១ ដើម្បីចូលរួមចំណែកក្នុងឯករាជ្យភាពនៅកម្ពុជា។ តើក្រុមហ៊ុនសហគ្រាសរបស់លោកឧកញ៉ាមានទំនាក់ទំនងបែបណាដែរជាមួយនឹងឯករាជ្យភាពជាតិ?
ឯករាជ្យភាពសម្រាប់ជាតិសាសន៍មួយគឺមានន័យថា ប្រទេសនោះត្រូវតែមានភាពជាម្ចាស់ការលើគ្រប់វិស័យ។ ឧស្សាហកម្មឱសថដែលទាក់ទងនឹងសុខភាពសាធារណៈ គឺជាវិស័យមួយក្នុងចំណោមវិស័យចម្បងៗ ដែលត្រូវតែធ្វើការអភិវឌ្ឍន៍បន្ទាប់ពីប្រទេសជាតិទទួលបានឯករាជ្យនៅឆ្នាំ១៩៥៣។ ចំណែកឯវិស័យកសិ-ចំពីអាហារក៏ត្រូវតែអភិវឌ្ឍដូចគ្នាដែរ។
ជាអកុសល ដូចយើងដឹងស្រាប់ហើយ ប្រទេសកម្ពុជាបានជួបប្រទះសង្រ្គាមស៊ីវិលនៅឆ្នាំ១៩៧០ ហើយបន្ទាប់មកនៅឆ្នាំ១៩៧៥ ពួកខ្មែរក្រហមបានកម្ទេចឯករាជ្យភាពផ្នែកចំណីអាហាររបស់ប្រទេសយើងឲ្យធ្លាក់ដល់ចំណុចសូន្យ។ ប៉ុន្តែទោះជាយ៉ាងនេះក្តីក៏ប្រទេសកម្ពុជាមានការអភិវឌ្ឍន៍ច្រើនបន្ទាប់ពីរបបខ្មែរក្រហមត្រូវដួលរលំមក។ បច្ចុប្បន្ន យើងអាចនាំចេញស្រូវអង្ករទៅក្រៅប្រទេស និងអាចផលិតឱសថដោយខ្លួនឯង ដោយមិនត្រឹមតែសម្រាប់ព្យាបាលប្រជាជនខ្មែរប៉ុណ្ណោះទេ គឺថែមទាំងអាចនាំចេញទៅបរទេសទៀត ដោយសារតែគុណភាពឱសថរបស់យើងត្រូវបានទទួលស្គាល់នៅលើពិភពលោក។
បើយើងក្រឡេកមើលទៅប្រវត្តិសាស្រ្តប្រទេសខ្មែរវិញ យើងឃើញថានៅរជ្ជកាលព្រះបាទជយវរ័្មនទី៧ អាណាចក្រខ្មែរមានការរីកចម្រើនយ៉ាងខ្លាំងទាំងផ្នែកសិកម្មក៏ដូចជាផ្នែកសុខាភិបាល។ ដោយដើរតាមគន្លងប្រវត្តិសាស្រ្តនេះហើយ ដែលយើងបានបោះជំហានទៅមុខបន្តិចម្តងៗដើម្បីពង្រឹងវិស័យទាំងពីរនេះ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល និងធ្វើយ៉ាងណាឲ្យវិស័យដទៃទៀតរីកចម្រើនទៅមុខដូចគ្នានេះដែរ។
មូលហេតុអ្វីបានជាសហគ្រាសផលិតឱសថប៉េប៉េអឹមសម្រេចផលិតថ្នាំគីណាល់នៅពេលសហគ្រាសទើបបើកដំណើរការដំបូង?
គីណាល់គឺជាឱសថលើកដំបូងគេបង្អស់ដែលផលិតនៅស្រុកខ្មែរ១០០% បន្ទាប់ពីប្រទេសជាតិទទួលបានឯករាជ្យនៅឆ្នាំ១៩៥៣។ ថ្នាំនេះត្រូវបានរកឃើញដោយលោកឱសថបណ្ឌិតកុក សុខគីម ហើយត្រូវបានដាក់ឲ្យដំណើរការនៅលើទីផ្សារប្រាំឆ្នាំមុនឱសថបារាំងទៅទៀត។ គឺជាមោទកភាពរបស់ប្រទេសកម្ពុជា។
លុះក្រោយមកខណៈពេលដែលយើងបង្កើតសហគ្រាសផលិតឱសថប៉េប៉េអឹម ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ មានព្រះទ័យសប្បាយរីករាយដោយឃើញវត្តមានរបស់ថ្នាំគីណាល់ឡើងវិញ ព្រោះបានធ្វើឲ្យព្រះអង្គនឹកទៅដល់សម័យកាលដ៏រុងរឿងនៃសង្គមរាស្រ្តនិយម។ ចំណែកឯសម្តេចហ៊ុន សែន កាលណោះក៏បានសម្តែងក្តីសោមនស្សរីករាយនៅពេលឃើញសហគ្រាសយើងផលិតថ្នាំគីណាល់ឡើងវិញ ព្រោះធ្វើឲ្យសម្តេចនឹកឃើញកាលសម្តេចធ្លាប់ប្រើវាកាលពីកុមារភាព។ ដូច្នេះគីណាល់គឺជាមោទកភាពនៃការកកើតឡើងវិញនៃឧស្សាហកម្មឱសថកម្ពុជាដើម្បីឈានទៅរកឯករាជ្យភាពក្នុងវិស័យសុខាភិបាលនៅកម្ពុជា។ លើសពីនេះទៅទៀត សហគ្រាសផលិតឱសថប៉េប៉េអឹមធ្វើការនាំចេញឱសថរបស់ខ្លួនទៅក្រៅប្រទេស ដែលធ្វើឲ្យកម្ពុជាមានកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិ។ ហើយនេះក៏ជាកិត្តិយសមួយដ៏ធំរបស់ប្រទេសជាតិផងដែរ។
ម្ភៃប្រាំឆ្នាំបន្ទាប់ពីមានវត្តមាននៅកម្ពុជា តើសហគ្រាសផលិតឱសថប៉េប៉េអឹមស្ថិតនៅក្នុងកម្រិតណាដែរនៅលើទីផ្សារជាតិ និងទីផ្សារអន្តរជាតិ?
នៅក្នុងវិស័យឱសថសាស្រ្ត ក្រៅពីការផលិតថ្នាំចាក់ហើយ សហគ្រាសផលិតឱសថប៉េប៉េអឹមនៅមានផលិតថ្នាំគ្រាប់ជាច្រើនប្រភេទផ្សេងៗគ្នា។ ផលិតផលឱសថគ្រាប់របស់យើងត្រូវបានទទួលស្គាល់ទាំងនៅលើទីផ្សារជាតិក៏ដូចជាទីផ្សារអន្តរជាតិ។ ការផលិតរបស់យើងមានស្តង់ដារ និងគោរពតាមបទដ្ឋាននានាដែលតម្រូវដោយប្រទេសដែលយើងនាំចេញឱសថ។ នៅលើទីផ្សារអាហ្រ្វិកនិយាយភាសាបារាំង ក្នុងចំណោមក្រុមហ៊ុនអន្តរជាតិផលិតឱសថប្រមាណជាង៦០០ដែលជាគូប្រជែងរបស់យើង និងដែលផលិតឱសថប្រភេទដូចគ្នា សហគ្រាសផលិតឱសថប៉េប៉េអឹមស្ថិតក្នុងលេខរៀងទី១៨ កាលពីឆ្នាំ២០២០។
នេះសបញ្ជាក់ឲ្យឃើញថា កម្ពុជាពិតជាមានសមត្ថភាពមែន បើទោះបីជាប្រទេសយើងតូច និងក្រីក្រជាងគេក៏ដោយ។ ដោយសារកត្តាធនធានមនុស្ស និងចំណេះដឹងរបស់យើង យើងអាចបង្ហាញផលិតផលរបស់យើងនៅលើឆាកអន្តរជាតិបាន។ នេះជាការចូលរួមចំណែកយ៉ាងសកម្មក្នុងការបង្កើតឲ្យមានឯករាជ្យភាពជាតិ និងឯករាជ្យភាពផ្នែកសុខាភិបាល។ នៅមានចំណុចផ្សេងទៀត គឺថាតាមរយៈផលិតផលឱសថរបស់យើង យើងចង់បង្ហាញពិភពលោកឲ្យដឹងថា កម្ពុជាមិនមែនមានតែប្រាសាទអង្គរវត្តប៉ុណ្ណោះទេ ហើយគឺជាកិត្តិយសដ៏ធំធេងដែលសហគ្រាសយើងអាចចូលរួមចំណែកកសាងឯករាជ្យភាពជាតិនេះ។
ក្រៅពីថ្នាំគីណាល់ តើសហគ្រាសផលិតឱសថប៉េប៉េអឹមនៅមាននាំចេញឱសថអ្វីខ្លះទៀតដែរ?
យើងមិនមែនមានតែថ្នាំគីណាល់នោះទេ។ ដូចដែលយើងដឹងស្រាប់ហើយថា ការឈឺចុកចាប់មានច្រើនប្រភេទ ដូច្នេះថ្នាំគីណាល់ក៏មានច្រើនប្រភេទដែរ។ ម្យ៉ាងទៀតសហគ្រាសយើងផលិតថ្នាំជាច្រើនទៀតសម្រាប់ព្យាបាលជំងឺដែលតែងតែកើតឡើងជាញឹកញាប់ដូចជា ថ្នាំរាក Diaryl ថ្នាំក្អក និងថ្នាំគ្រុនក្តៅជាដើម។ ក្រៅពីនេះ សហគ្រាសក៏មានផលិតថ្នាំវីតាមីនដែលជាប្រភេទថ្នាំប៉ូវផងដែរ។ ប៉ុន្តែអ្វីដែលសំខាន់មែនទែននោះ គឺថាយើងមានផលិតផលដែលផលិតចេញពីរុក្ខជាតិ១០០%។ នោះគឺខេមប្រូប៊ីយ៉ូទិក។
ដើម្បីផលិតឱសថ យើងទិញវត្ថុធាតុដើមដើម្បីយកមកផលិតជាផលិតផលសម្រេច។ ប៉ុន្តែសម្រាប់ខេមប្រូប៊ីយ៉ូទិកវិញ ទាំងវត្ថុធាតុដើម ទាំងបច្ចេកទេសនៃការផលិតគឺជារបស់ខ្មែរសុទ្ធសាធ។ គឺជាផលិតផលដែលយើងកំពុងតែផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយ ហើយដែលសាស្រ្តាចារ្យធំៗក៏បានទទួលស្គាល់ដែរ។ ដូច្នេះហើយបានជាយើងអាចនាំចេញផលិតផលខេមប្រូប៊ីយ៉ូទិករហូតដល់៩០% ហើយក៏ជាកិត្តិយសដ៏ធំដែរសម្រាប់សហគ្រាសដែលផលិតផលរបស់យើងត្រូវបានគេទទួលស្វាគមន៍យ៉ាងខ្លាំងបែបនេះ។ យើងកំពុងតែធ្វើការស្រាវជ្រាវបន្ថែមឲ្យកាន់តែស៊ីជម្រៅដើម្បីបង្ហាញថាខេមប្រូប៊ីយ៉ូទិកគឺជាផលិតផលអស្ចារ្យ។
ក្រុមហ៊ុនខនហ្វីរេលផលិត និងចែកចាយផលិតផលចំណីអាហារដែលមានគុណភាពខ្ពស់ ជាពិសេសគឺផលិតផលដែលផលិតចេញពីស្ករត្នោត ម្រេចកំពត និងផ្លែឈើ។ តើក្រុមហ៊ុននេះចូលរួមចំណែកបង្កើតឯករាជ្យភាពផ្នែកចំណីអាហារនៅកម្ពុជាតាមវិធីណាដែរ?
សុភាសិតខ្មែរមួយបាននិយាយថា «ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ»។ នៅសម័យអង្គរ គេអាចធ្វើស្រែពីពីរទៅបីដងក្នុងមួយឆ្នាំ។ កាលណោះប្រទេសយើងខ្លាំង ព្រោះវិស័យកសិកម្មរបស់យើងរីកចម្រើនខ្លាំង ហើយជាលទ្ធផល សុខភាពរបស់យើងក៏ខ្លាំងដែរ។ សង្រ្គាមបានធ្វើឲ្យការអភិវឌ្ឍន៍វិស័យកសិកម្មមានការយឺតយ៉ាវ ហើយបច្ចុប្បន្ន សមត្ថភាពកែច្នៃរបស់យើងក៏នៅខ្សោយ។ យើងមិនបានឲ្យតម្លៃលើផលិតផលដែលយើងមានស្រាប់នោះទេ។ ដូច្នេះបេសកកម្មរបស់ក្រុមហ៊ុនខនហ្វីរេលគឺលើកតម្លៃផលិតផលទាំងនោះហើយ។ ព្រោះហេតុដូច្នេះហើយបានជាតាំងពីចាប់ផ្តើមដំណើរការដំបូងមក ក្រុមហ៊ុនខនហ្វីរេលផលិតចេញជាផលិតផលជាច្រើនមុខ។ ហើយកិច្ចខិតខំប្រឹងប្រែងរបស់យើងទទួលបានការតបស្នងមកវិញនូវពានរង្វាន់នានានៅលើឆាកអន្តរជាតិ ដូចជាពានមាស ក្នុងឱកាសតាំងពិព័ណ៌ Natexpo នៅទីក្រុងប៉ារីសកាលពីឆ្នាំ២០០៥ និងពានរង្វាន់ផលិតផលដែលមានគុណភាពល្អដាច់គេនៅអាស៊ានកាលពីឆ្នាំ២០១៧ សម្រាប់ផលិតផលស្ករត្នោតសរីរាង្គម៉ាក Thnot។ វាគឺជាកិត្តិយសធំណាស់សម្រាប់យើង។
ក្រុមហ៊ុនខនហ្វីរេលខិតខំប្រឹងប្រែងធ្វើយ៉ាងណាឲ្យផលិតផលទាំងអស់របស់ខ្លួនដែលផលិតចេញពីវត្ថុធាតុដើមខ្មែរសុទ្ធសាធ ទទួលបានគុណភាពខ្ពស់ដូចផលិតផលស្ករត្នោតនៅថ្ងៃខាងមុខ។
ចំពោះចក្ខុវិស័យឯករាជ្យភាពថ្នាក់ជាតិនេះ បើតាមយោបល់របស់លោកឧកញ៉ា តើយើងគួរទាញជាបទពិសោធយ៉ាងណាពីបរិបថនៃវិបត្តិជំងឺកូវីដ១៩នេះ?
មុននឹងមានវិបត្តិជំងឺកូវីដកើតឡើង យើងស្ថិតនៅក្នុងសម័យកាលសាកលភាវូបនីយកម្មផ្នែកពាណិជ្ជកម្ម ក្រោយពីសម័យកាលសង្រ្គាមត្រជាក់មក។ ដើម្បីរស់ក្នុងសម័យកាលសាកលភាវូបនីយកម្មនេះ ប្រទេសនីមួយៗត្រូវមានភាពជាម្ចាស់ការដោយខ្លួនឯង។
ការដែលយើងទិញពីគេ គឺយើងជួយដល់កំណើនសេដ្ឋកិច្ចរបស់គេ មិនមែនសេដ្ឋកិច្ចរបស់ប្រទេសយើងទេ។ ដូច្នេះសាកលភាវូបនីយកម្មតម្រូវឲ្យយើងគិតខ្លាំងទៅដល់ឯករាជ្យភាពរបស់ប្រទេសយើង។
វិបត្តិជំងឺកូវីដបានរាំងស្ទះចរន្តសេដ្ឋកិច្ចយ៉ាងខ្លាំង។ វិបត្តិនេះបានធ្វើឲ្យមានបញ្ហាកង្វះវត្ថុធាតុដើម ធ្វើឲ្យតម្លៃដឹកជញ្ជូន តម្លៃសម្ភារៈចាំចាច់មួយចំនួនឡើងថ្លៃខ្ពស់។
វិបត្តិជំងឺកូវីដ និងសាកលភាវូបនីយកម្មជំរុញឲ្យយើងគិតរកដំណោះស្រាយធ្វើយ៉ាងណាឲ្យវិស័យជាច្រើននៅក្នុងប្រទេសរបស់យើងអាចមានឯករាជ្យភាពដោយខ្លួនឯង ដោយមិនពឹងលើដង្ហើមគេ។ បន្តិចម្តងៗនោះយើងនឹងអាចឈានទៅសម្រេចបាន១០០% តែបើយើងមិនធ្វើអ្វីសោះ បើយើងមិនបង្កើតតម្លៃបន្ថែមលើផលិតផល ហើយគិតតែលក់ញើសឲ្យគេតែម្យ៉ាងរួចទុកឲ្យអ្នកផ្សេងជាអ្នកបង្កើតតម្លៃបន្ថែមនៃផលិតផល នោះប្រទេសរបស់យើងនឹងមិនអាចក្លាយជាអ្នកមានបានទេ៕